ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជំទាវ កែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក
(ព្រៃវែង)÷ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក មកពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៧២គ្រួសារ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបាទ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលសម្តេច និងឯកឧត្តម តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។
អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ២យួរ និងថវិកាចំនួន ៥០.០០០រៀលផងដែរ។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ណុប វី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង តំណាងឯកឧត្តម សុខ វាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ឯកឧត្ដម អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ថ្នាក់ស្រុក ប្រធានផ្នែក និងប្រធានការិយាល័យចំណុះសាលាស្រុក មេឃុំ និងស្មៀនឃុំ មន្រ្តីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក សរុបចំនួនប្រមាណ ១៤៥រូប។















































Post a Comment