ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអភិបាលខេត្តពោធិ៍សាត់ និងព្រៃវែង
ខេត្តពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអភិបាលខេត្តពោធិ៍សាត់ និងព្រៃវែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង០៧នាទីព្រឹក ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសពឯកឧត្តម ឆាយ សារ៉េត ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ទល់មុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង) ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។ សពនឹងដង្ហែឆ្ពោះទៅកាន់វត្តពោធិវាល ដើម្បីធ្វើពិធីឈាបនកិច្ច នាវេលាម៉ោង០៧ និង០០នាទី ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម ខូយ រីដា និងឯកឧត្តម ម៉ៅ សាន ពិតជាមានក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះការទទួលមរណភាពរបស់ ឯកឧត្តម ឆាយ សារ៉េត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអភិបាលខេត្តពោធិ៍សាត់ និងព្រៃវែង ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង០៧នាទីព្រឹក ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក ក៏ដូចជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម ដែលបានលះបង់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក្នុងបុព្វហេតុដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជននៅមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ។
ស្ថិតក្នុងស្ថានភាពទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ នៃសព ឯកឧត្តម ឆាយ សារ៉េត និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាយ សារ៉េត បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕










































Post a Comment