ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងដំណាក់កាលទី២ ការពិនិត្យឡើងវិញមុខងារ ដែលបានធ្វើប្រតិភូកម្ម ទៅមន្ទីរព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

 តាកែវ៖ ក្រសួងព័ត៌មាន នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានសហការនឹងរដ្ឋបាលខេត្ត រៀបចំសិក្ខាសាលាផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងដំណាក់កាលទី២ ការពិនិត្យឡើងវិញមុខងារ ដែលបានធ្វើប្រតិភូកម្ម ទៅមន្ទីរព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឱកាសផ្តល់សេវាវិស័យព័ត៌មាន និងសោតទស្សន៍ ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក លី សាវេត អភិបាលរងខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុងដូនកែវ លោកប្រធានច្រកចេញចូលតែមួយខេត្ត និងបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង៨ខេត្ត ចូលរួមផងដែរ ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣៖
១. ផ្សព្វផ្សាយអំពីកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជំហានទី២។
២. ពិនិត្យមើល និងវាយតម្លៃការអនុវត្តមុខងារដែលក្រសួងព័ត៌មានបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមក។
៣. ប្រមូលមតិយោបល់ ចំណុចប្រឈម និងសំណូមពរនានាពីមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហា និងរៀបចំផែនការសម្រាប់ជំហានបន្ទាប់។
ថ្លែងក្នុងពិធីបើក ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មានបានគូសបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាស្នូលនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កំណែទម្រង់នេះមានគោលដៅពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ ទោះបីជាក្រសួងព័ត៌មានបានផ្ទេរមុខងារមួយចំនួនទៅឱ្យរដ្ឋបាលក្រុង ស្រុក រួចហើយក្តី ក៏ការអនុវត្តជាក់ស្តែងនៅមានភាពយឺតយ៉ាវ និងមិនរលូន ដោយសារមន្ត្រីនៅថ្នាក់មូលដ្ឋានមួយចំនួនមិនទាន់បានយល់ច្បាស់អំពីទស្សនទាននៃកំណែទម្រង់នេះ។ ហេតុនេះ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការកំណត់ឡើងវិញនូវប្រភេទ និងទំហំមុខងារ ព្រមទាំងកម្រៃសេវាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សម្រាប់ធ្វើប្រតិភូកម្មក្នុងជំហានបន្តបន្ទាប់។

ឯកឧត្តម រស់ ថាន់សន បន្តថា ក្រសួងព័ត៌មានក៏បានបង្កើត "មន្ត្រីសម្របសម្រួលព័ត៌មាននិងសាធារណៈមតិ" ចំនួន ៥រូប នៅតាមរាជធានី-ខេត្តនីមួយៗ ដើម្បីផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ក្រោមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» សំដៅរួមចំណែកថែរក្សាសន្តិសុខព័ត៌មាន និងសន្តិសុខជាតិ។
ក្រសួងព័ត៌មានបានប្តេជ្ញាចិត្តបន្តអនុវត្តបេសកកម្មរបស់ខ្លួន ក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់ទិសទីទទួលបានព័ត៌មានពិត គ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោក លី សាវេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ
វិស័យព័ត៌មាន និងសោតទស្សន៍នៅខេត្តតាកែវមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយចម្រុះជាច្រើនរួមមាន៖ ស្ថានីយវិទ្យុ ០៩ កន្លែង, អង្គភាពកាសែត ១០, គេហទំព័រ ៣៧ និងមានអ្នកសារព័ត៌មានសរុប ១១៣ រូប។

ដោយឡែក មន្ទីរព័ត៌មានខេត្តតាកែវ ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋ រួមមាន៖ វិទ្យុជាតិ FM 92.50MHz និងបណ្តាញសង្គមផ្លូវការចំនួន ១០ (Facebook, Telegram, YouTube, TikTok ។ល។)។ ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលកើតមានឡើងនិងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ខេត្ត របស់រាជរដ្ឋាភិបាល ជូនប្រជា ពលរដ្ឋបានជ្រួតជ្រាបរហ័សទាន់ពេលវេលា និងប្រកបដោយភាពជឿជាក់តាមទិសស្លោក ថ្មីពិត និង ទូលំ ទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីភ្ជាប់គ្រប់មជ្ឈដ្ឋាន ។

លទ្ធផលការងារសំខាន់ៗក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥៖
ការផ្សព្វផ្សាយ៖ បានផលិត និងចែករំលែកអត្ថបទព័ត៌មានក្នុងខេត្ត ជាតិ និងអន្តរជាតិ រាប់ពាន់អត្ថបទ ព្រមទាំងផ្សព្វផ្សាយសារអប់រំខ្លីៗរាប់ម៉ឺនដង ជាពិសេសសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន។

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ៖ បានអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅគ្រប់ក្រុង-ស្រុកទាំង១០ ដោយមានជាង ២,៣០០ នាក់, ផលិតវីដេអូអប់រំខ្លីៗ ១៨៤ ឃ្លីប និងផ្ទាំងបដាផ្សព្វផ្សាយជាច្រើនកន្លែង។
ការប្រមូលសេវាសាធារណៈ៖ ក្នុងរយៈពេល ៩ខែនេះ មន្ទីរបានប្រមូលចំណូលពីការផ្តល់សេវាសាធារណៈបានចំនួន ១២០,៧៥ លានរៀល។ តួលេខនេះមានការថយចុះបន្តិច (៣.៣%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕











Powered by Blogger.