លោកបណ្ឌិត យង់ ពៅ លើកឡើងថាអ្នកដែលថា ការទទួលយកបទឈប់បាញ់គឺជាការកំសាក គឺជាអ្នកដែលមិនយល់ពីនយោបាយ និងមិនយល់ពីកិច្ចការដឹកនាំរដ្ឋ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីបទឈប់បាញ់ និងការតវ៉ារបស់កម្ពុជាប្រឆាំងចំពោះការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ បញ្ចេញទស្សនៈថា អ្នកដែលថា ការទទួលយកបទឈប់បាញ់គឺជាការកំសាក គឺជាអ្នកដែលមិនយល់ពីនយោបាយ និងមិនយល់ពីកិច្ចការដឹកនាំរដ្ឋ។

តាមអគ្គលេខាធិការខាងលើ បានបន្តថា សង្គ្រាមនៅទីណាក៏គេមានបទឈប់បាញ់ដែរ ហើយបទឈប់បាញ់ដើម្បីឱ្យមានយន្តការផ្សេងៗទៀតដើម្បីដំណើរការបាន។ យើងរកបានបទឈប់បាញ់មួយ ខណៈដែលថៃមិនទាន់ចង់ឈប់នោះទេ។

លោកបណ្ឌិត យង់ ពៅ បានបន្ថែមថាដោយសារមានបទឈប់បាញ់ អ្នកសង្កេតការណ៍អាស៊ានអាចចុះទៅដល់ទីតាំង និងសង្កេតការណ៍បាន, ប្រជាពលរដ្ឋអាចវិលទៅកាន់ភូមិឋានវិញបាន និងអាចឱ្យយើងធ្វើការងារផ្សេងៗបាន។

លោក បានគូសរំលេចថា បទឈប់បាញ់មិនមែនជាការកំសាកនោះទេ អ្នកដែលនិយាយដូច្នេះ គឺជាការប្រមាថដល់វីរកងទ័ព វីរនគរបាលរបស់យើង និងប្រមាថដល់កិច្ចការដែលយើងបានធ្វើយ៉ាងច្រើនបំផុតទៅលើបញ្ហានេះ៕ ប្រភព៖ AKP



Powered by Blogger.