បញ្ហា និងសំណូមពរមួយចំនួនដែលតំណាងប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនិងពីព្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្រូវបានលើកឡើងត្រូវធ្វើការដោះស្រាយ
ព្រៃវែង៖ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្សព្វផ្សាយ អំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដែល រដ្ឋបាលខេត្តបានអនុវត្តក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ដែលពិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ារ សារីន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈិត ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្ត តំណាងឯកឧត្តម សួនសុម៉ាលីន អភិបាលខេត្ត ដែលធ្វើនៅសាលាស្រុកបាភ្នំ ខេត្តព្រៃវែង។
លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត លើកឡើងថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ ដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផលសម្រេចបាន និងការអនុវត្តសកម្មភាពនានា របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០២៥ និងរៀបចំផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកា នាពេលនេះ ។
ឯកឧត្ដម ម៉ារ សារីន សមាជិកក្រុមប្រឹក្សាខេត្ត សូមឲ្យ លោក លោកស្រី សមាជិក សមាជិកាក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ សូមលើកឡើងជាសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាពិភាក្សា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ហើយបន្តខិតខំប្រឹងប្រែងដោះស្រាយនិងឆ្លើយតបតាមតម្រូវការ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រាប់អភិឌ្ឍន៍មូលដ្ឋានប្រកប ដោយចីរភាព ធានាបានការលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ លើកកម្ពស់គុណភាព ជីវិត របស់ប្រជាពលរដ្ឋក្នុងបរិយាកាសមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងសុខុមាលភាព និងជាពិសេស បានផ្សព្វផ្សាយព័ត៌មាននានា ដែលជាសមិទ្ធផល របស់ក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្ត បន្តក្នុងឆ្នាំ២០២៦ ទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។
ឯកឧត្ដម ម៉ារ សារីន សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នោះមានសំនួរដែលបានលើកឡើងមានចំនួន ១៣ សំនួរ ដែលបានលើកឡើងដើម្បីធ្វើការដោះស្រាយ ហើយសំនួរទាំងអស់នោះបានដោះស្រាយបានចំនួន១២ នៅសល់ ១ សំនួរទៀត ដែល និងលើកយកទៅដោះស្រាយបន្តទៀត ធ្វើយ៉ាងណាដើម្បីជួយដោះស្រាយកង្វល់ទាំងដែលសេះសល់នេះបានទាន់ពេលវេលា។
ឯកឧត្ដម បន្តថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់បានពិភាក្សាគ្នា ពិគ្រោះយោបល់គ្នាជាមួយអ្នក ចូលរួមទាំងអស់យ៉ាងផុលផុស ព្រមទាំងបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយក ទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ជាពិសេសលើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងកិច្ចអភិវឌ្ឍរបស់ខេត្តឱ្យកាន់តែ ល្អប្រសើរ ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព គណនេយ្យភាព ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងសមធម៌ ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕


















Post a Comment