រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត
(ព្រៃវែង)៖ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដើម្បីផ្សព្វផ្សាយ អំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដែល រដ្ឋបាលខេត្តបានអនុវត្តក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ដែលពិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ដំណើរការនៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ គឺស្ថិតក្នុង គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងសំខាន់នៃ គោលនយោបាយនេះមាន៖
១-ការកែលំអនូវប្រព័ន្ធអភិបាលកិច្ចនៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។
២-ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។
៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ដែលបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហាន ទៅមុខមួយ ក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បន្តថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្តក្នុង ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិមានលក្ខណៈស៊ីជម្រៅ និងយូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែក នយោបាយ តាមរយៈការបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលកើតឡើងពីការបោះឆ្នោតដោយ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ក្រុមប្រឹក្សា គឺជានីតិបុគ្គល នៃនីតិសាធារណៈដែលមាន តួនាទីត្រូវបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ក្នុងន័យនេះ ក្រុមប្រឹក្សា ត្រូវមានគណនេយ្យភាពជាចម្បង និងដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ សំដៅធានាដល់ការបង្កើននូវតម្លាភាព ជំរុញឱ្យមានការចូលរួម របស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ដោយផ្តោតការយកចិត្តទុកដាក់សំខាន់បំផុត ទៅលើសំឡេង និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការវិភាជន៍ ការប្រើប្រាស់ និង ការគ្រប់គ្រងធនធាន ព្រមទាំងជាពិសេស គឺការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើក កម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុម ប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ព្រមទាំងផ្តល់ឱកាស ក្នុងការពិភាក្សាប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល សាធារណៈជននានា ដែលអាចទទួល បាននូវការផ្ទៀងផ្ទាត់នូវតម្រូវការពិតប្រាកដ របស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕






















Post a Comment