វីរកងទ័ពអាវស ខេត្តព្រៃវែង បន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម នៅសមរភូមិមុខក្នុងខេត្តបន្ទាយមានជ័យ
(ខេត្តព្រៃវែង)៖ ដោយអនុវត្តតាមស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវខ្ពស់ ចំពោះសុខុមាលភាពរបស់កងទ័ព និងប្រជាពលរដ្ឋ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង បាននិងកំពុងបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដែលត្រូវបានប្រសិទ្ធនាមថា "វីរកងទ័ពអាវស" ដើម្បីចុះជួយឧបត្ថម្ភគាំទ្រ ពិនិត្យព្យាបាល និងសង្គ្រោះបន្ទាន់ នៅតំបន់សមរភូមិមុខក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងបេសកកម្មនេះ មន្ទីរសុខាភិបាលខេត្តព្រៃវែង បានចាត់តាំងកម្លាំងសរុបចំនួន ៦៦ នាក់ ដោយបែងចែកជា ០៤ វេន ប្តូរវេនគ្នាប្រចាំការយ៉ាងយកចិត្តទុកដាក់។
សមាសភាពក្រុមគ្រូពេទ្យក្នុងមួយវេនៗ រួមមាន៖
វេជ្ជបណ្ឌិតឯកទេស១នាក់ វេជ្ជបណ្ឌិតទូទៅ៣៣នាក់ ទន្តបណ្ឌិត១នាក់គ្រូពេទ្យមធ្យម១នាក់គិលានុបដ្ឋាកយិកា១៣នាក់
គិលានុបដ្ឋាកឆ្មប១០នាក់អ្នកបើកបររថយន្តសង្គ្រោះ៧ នាក់
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការផ្ដល់សេវាសុខាភិបាល ក្រុមការងារក្នុងមួយវេនៗ ត្រូវបានបែងចែកជា ០៤ ក្រុមតូចៗ ព្រមទាំងបំពាក់នូវមធ្យោបាយធ្វើដំណើរ រួមមានរថយន្តសង្គ្រោះចំនួន២គ្រឿង និងរថយន្តចល័តចំនួន១គ្រឿង ដោយឈរជើងនៅតាមគោលដៅសំខាន់ៗដូចខាងក្រោម៖
គោលដៅទី១៖ ទទួលបន្ទុកពិនិត្យព្យាបាល សង្គ្រោះបន្ទាន់ និងវះកាត់ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី។
គោលដៅទី២៖ ផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនវីរកងទ័ព និងប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកអូរជ្រៅ ស្រុកអូរជ្រៅ។
គោលដៅទី៣៖ ផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនវីរកងទ័ព និងប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្វាយចេក ស្រុកស្វាយចេក។
គោលដៅទី៤៖ ចុះជួយពិនិត្យ ព្យាបាល និងសង្គ្រោះបឋម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលភៀសខ្លួនពីសង្គ្រាម នៅទីតាំងវត្តចន្ទស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ។
សកម្មភាពដ៏ថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពយ៉ាងរឹងមាំ និងការលះបង់ខ្ពស់របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងស្ថានភាពចាំបាច់បំផុត៕



































Post a Comment