ឯកឧត្តម ខូយ រីដា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល ស្ថិតនៅភូមិទួលគូរ (ត្រយ៉ងស) ជាតំបន់ព្រៃរនាម ក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធ៍សាត់

(ពោធិ៍សាត់)÷នាល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល ស្ថិតនៅភូមិទួលគូរ (ត្រយ៉ងស) ជាតំបន់ព្រៃរនាម ក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធ៍សាត់។


លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានជម្រាបជូនថា ទីតាំងនេះ ស្ថិតក្នុងតំបន់៣ ចំងាយជាង២០០ម៉ែត្រ ពីព្រៃរនាមបឹងទន្លេសាប នៃភូមិសាស្ត្ររដ្ឋបាលភូមិចំរេះ ឃុំស្រែស្តុក ស្រុកកណ្តៀង ។ បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋរស់នៅ៦៧គ្រួសារ មនុស្ស២៥០នាក់ ក្នុងនោះប្រជាពលរដ្ឋ ឃុំកោះជុំ និងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន២៤គ្រួសារ មនុស្ស៩៦នាក់ និងឃុំស្នាមព្រះ ស្រុកបាកាន ចំនួន៤៣គ្រួសារ មនុស្ស១៥៤នាក់។
ចំពោះស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ ពួកគេកំណត់តែ៩ខែប៉ុណ្ណោះ ដោយចាប់ពីខែតុលា ដល់ខែមិថុនា ក្នុងស្ថានភាពពនេចរ ហើយផុតកំណត់នោះ ត្រូវផ្លាស់ប្តូរកន្លែងរស់នៅថ្មី ដោយសារតែតំបន់នេះ លិចទឹកនៅរដូវវស្សា។ ក្នុងអំឡុងមករស់នៅ ពួកគាត់ប្រកបរបរចិញ្ចឹមសត្វពាហនៈ ជាទូទៅគឺមានគោ ក្របី នេសាទត្រី និងធ្វើស្រែ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានវាយតម្លៃ អំពីស្ថានភាពមករស់នៅដីតំបន់៣នេះ ជាទូទៅប្រជាពលរដ្ឋចិញ្ចឹមគោ និងចិញ្ចឹមក្របី ក្នុងអំឡុងតែ៩ខែប៉ុណ្ណោះ រួចហើយផ្លាស់ប្តូរកន្លែងរស់នៅថ្មី ដោយសារតំបន់នេះលិចទឹក ក្នុងរដូវវស្សា។ ទោះជាយ៉ាងនេះ ប្រជាពលរដ្ឋ ជាពិសេសកុមារ បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជាអនាម័យសុខភាព ហូបចុកមិនគ្រប់គ្រាន់ កុមារតូចៗនៅឆ្ងាយពីសាលា មិនបានរៀនសូត្រជាដើម។ បញ្ហានេះ ឯកឧត្តមសូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយល់ឃើញថា ដីតំបន់៣ គឺជាជម្រកជីវៈចម្រុះរស់នៅ ហើយត្រូវបានច្បាប់ហាមឃាត់មិនអនុញ្ញាត ឱ្យកាប់ឆ្ការ រុករាន ឬឈូសឆាយធ្វើកម្មសិទ្ធិនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានជីវចម្រុះ និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជាពិសេសដើមផ្កាចារ ក៏ដូចជាដើមឈើសំខាន់ផ្សេងទៀតឱ្យបានច្រើន ប្រយោជន៍ដល់កូនចៅ យើងជំនាន់ក្រោយ។
































Powered by Blogger.