ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង អញ្ជើញចូលរួមវេចខ្ចប់អំបុកក្នុងសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅបែងចែកជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងពលរដ្ឋភៀសសឹក!

 (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់ទៀតនៅរសៀលថ្ងៃអាទិត្យទី២៨​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ បានអញ្ជើញចូលរួមវេចខ្ចប់អំបុក នៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅបែងចែកជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិនិងប្រជាពលរដ្ឋជាជនភៀសសឹក។


អំបុកជាង២តោនបានបញ្ឃរងចាំការវេចខ្ចប់ ដោយច្រកជាថង់តូចៗ ដើម្បីងាយស្រួលយកទៅបែងចែកជូនវីរៈកងទ័ពជួរមុខ​ វីរៈកងនគរបាលជួរមុខ។ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ រួមនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារមនុស្សធម៌នេះយ៉ាងញាប់ដៃញាប់ជើងដែលបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។


នៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ​២០២៥នេះដែរ រដ្ឋបាលខណ្ឌនិងសប្បុរសជននានា ក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជាជនភៀសសឹក ដោយឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញជាច្រើនរូប តំណាងឯកឧត្ដម ឃួង ស្រេង​ បានអញ្ជើញទទួលអំណោយនេះ។ សប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូននៅថ្ងៃទី២៨ធ្នូនេះរួមមាន៖ រដ្ឋបាលខណ្ឌសែនសុខ​ រដ្ឋបាលខណ្ឌ៧មករា​ រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជននានា។


ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋបាលខណ្ឌសែនសុខ​ រដ្ឋបាលខណ្ឌ៧មករា​ រដ្ឋបាលខណ្ឌដង្កោនិងសប្បុរសជននានា​ ដែលបានចូលរួមចែករំលែកនូវធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។


សូមបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញនៅបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕









Powered by Blogger.