ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ សេង ផល្លី បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២០៧ នាក់ ដែលមកពីបណ្តាខេត្តចំនួន ៥ ស្នាក់នៅខេត្តព្រៃវែង

 ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់វីរកងទ័ព និងប្រជាពលរដ្ឋ ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារវីរកងទ័ព វីរនគរបាលជាតិ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២០៧ នាក់ ដែលមកពីបណ្តាខេត្តចំនួន ៥ មាន ខេត្តព្រះវិហា ,បន្ទាយមានជ័យ, កោះកុង, ឧត្តរមានជ័យ, និងខេត្តប៉ៃលិន ដែលបានភៀសសឹកមកស្នាក់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។


​នៅក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ បាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ ក៏បានផ្តល់នូវអំណោយ និងការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជម្លោះ (ភៀសសឹក) ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ មានប្រសាសន៍ថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលនៅជួរក្រោយ និងតែងតែផ្ដល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋភៀសសឹក និងសន្យាមិនបោះបង់ចោលប្រជាពលរដ្ឋដែលជួបការលំបាកក្នុងកាលៈទេសៈសង្គ្រាមនេះនោះទេ។

ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ មានប្រសាសន៍ បញ្ជាក់ថា "សន្តិភាព" គឺជាតម្លៃខ្ពស់បំផុតដែលត្រូវរួមគ្នាថែរក្សាឱ្យបាន ដើម្បីការអភិវឌ្ឍយូរអង្វែង។ ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ ចែកជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជាការឧបត្ថម្ភដល់គ្រួសារនីមួយៗនោះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ ក៏បានអញ្ជើញទៅសួរសុខទុក្ខដល់វីរៈកងទ័ពដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ដែលរងគ្រោះដោយសារផ្សែងពុល កំពុងសម្រាកព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរមុខផងដែរ។ ហើយក្នុងនោះឯកឧត្តមក៏បានផ្ដល់ជូននៅថវិកាក្នុងម្នាក់ចំនួន 50 ម៉ឺនរៀលផងដែរ៕













Powered by Blogger.