ឯកឧត្តម ខូយ រីដា រសៀលនេះបានលើកឡើងពីគម្រោងសាងសង់និមិត្តរូប ទេពឧកញ៉ាឃ្លាំង មឿង ជិះសេះកាន់លំពែង កំចាត់សត្រូវឈ្លានពាន និងស្ថាបនាសួនច្បារដ៏ស្រស់ស្អាតមួយ នៅចំណុចច្រមុះជ្រូកសង្កាត់លលកស បំបែកពីផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥A១

(ខេតពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងពីគម្រោងសាងសង់និមិត្តរូប ទេពឧកញ៉ាឃ្លាំង មឿង ជិះសេះកាន់លំពែង កំចាត់សត្រូវឈ្លានពាន និងស្ថាបនាសួនច្បារដ៏ស្រស់ស្អាតមួយ នៅចំណុចច្រមុះជ្រូកសង្កាត់លលកស បំបែកពីផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥A១។


ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់ លើកិច្ចការងារឈូសឆាយចាក់ពង្រីកចញ្ចើមផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥A១ ខណៈដែរផ្លូវនេះត្រូវបានចាត់ទុកជាផ្លូវអាទិភាពគម្រូគេ ក្នុងការអភិវឌ្ឍន៍។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងាររដ្ឋបាលស្រុកតាលោសែនជ័យ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ទីប្រជុំជន ការបើកផ្លូវធ្វើដំណើរអោយបានធំទូលាយ (ចំនួនផ្លូវ ៦ខ្សែ) ការរៀបចំប្រព័ន្ធលូរំដោះទឹកអោយល្អ និងការរៀបចំតម្លើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ លើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា ពិតណាស់ការអភិវឌ្ឍន៍តែងតែប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាក់ជាពុំខាន ក៏ប៉ុន្តែដើម្បីជាផលប្រយោជន៍រួម ពួកគាត់ក៏រីករាយនឹងទទួលយកការពង្រីកផ្លូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពមូលដ្ឋាន និងជាយុទ្ធសាស្ត្រទាក់ទាញអារម្មណ៍អ្នកដំណើរ និងទេសចរ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។


ឯកឧត្តមបានណែនាំ និងចង្អុលបង្ហាញ ដល់រដ្ឋបាលស្រុកតាលោសែនជ័យ ត្រូវមានភាពឆ្លាតវាងវៃ មានគំនិតឆ្នៃប្រឌិតខ្ពស់ កុំរងចាំតែគម្រោងធ្លាក់ពីលើមេឃ និងត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យដឹងពីការងាររៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ដែលជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់បុគ្គលគ្រប់រូប និងសហគមន៍ទាំងមូលត្រូវចូលរួម។











Powered by Blogger.