ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះត្រួតពិនិត្យការរុះរើសំណង់មិនរៀបរយតាមច្រាំងស្ទឹង ត្រើយខាងកើត ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តចុះត្រួតពិនិត្យការរុះរើសំណង់មិនរៀបរយតាមច្រាំងស្ទឹង ត្រើយខាងកើត ចាប់ពីចំណុចស្ពានថ្មថ្មី រហូតដល់ស្ពានថ្មចាស់ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក ញឹក បានខេង អភិបាលរងខេត្តលោក អ៊ុយ សុធាវី អភិបាលរងខេត្ត រួមដំណើរមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត រដ្ឋបាលសាលាក្រុងពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងក្រុមការងារមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថា យើងត្រូវតែកែប្រែរៀបចំឡើងវិញនៅច្រាំងស្ទឹងអោយប្រែក្លាយសួនច្បារមានផ្កាគ្រប់ពណ៍ចំរុះ បំពាក់អំពូលភ្លើងដើម្បីជាប្រយោជន៍ ទី១៖ កែលំអរសោភណ្ឌភាពក្រុងអោយស្រស់បំព្រង។ទី២៖ សម្រាប់ពុកម៉ែបងប្អូនដែលរស់នៅតាមមាត់ស្ទឹង ដើរហាត់ប្រាណ និងអង្គុយលេងកំសាន្តលំហែកាយ។ទី៣៖ ទាក់ទាញដល់អ្នកធ្វើដំណើរ ក៏ដូចភ្ញៀវទេសចរណ៍ជាតិ អន្តជាតិដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសផងដែរ។
ឯកឧត្តម បានកោតសរសើរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង ទាំងខ្មែរនិងខ្មែរឥស្លាម បានសហការល្អជាមួយអាជ្ញាធរ ក្នុងការជួយរុះរើសំណង់របស់ខ្លួន ប្រគល់ដីមកអោយអាជ្ញាធរតាមកិច្ចសន្យា។
ឯឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅលើដីចំណីស្ទឹងក្នុងទីប្រជុំជនខេត្ត សូមរុះរើដោយខ្លួនឯងជាបណ្តើរៗទៅ ដើម្បីរៀបចំអភីវឌ្ឍន៍ខេត្តអោយស្អាតទាំងអស់គ្នា។
ឯកឧត្តម ក៏បានឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ជាយុទ្ធសាស្ត្រក្នុងការទាក់ទាញអារម្មណ៍អ្នកដំណើរព្រោះថា នៅឆ្នាំ២០២៦ខេត្តពោធិ៍សាត់នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តការបុណ្យទន្លេ។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងក្រោយពីទទួលបានការជូនដំណឹងរបស់រដ្ឋបាលស្រុក ក្រុងនិងអាជ្ញាធរមូលដ្ឋាននោះ បងប្អូនប្រជាពលរដ្ឋដែលកន្លងមកតែងតែអាស្រ័យផលនិងមានលំនៅឋានតាមមាត់ស្ទឹងបានស្ម័គ្រចិត្តចូលរួមសហការជាមួយអាជ្ញាធររុះរើសំណង់ចាកចេញទៅទទួលយកទីតាំងដីថ្មីដោយក្តីរីករាយ៕




































Post a Comment