ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ជំរុញឲ្យអាជ្ញាធរ មន្ទីរអង្គភាព ទាំងអស់ត្រូវខិតខំពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋ
ព្រៃវែង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់ មន្ទីរអង្គភាព គ្រប់វិស័យ ទាំងអស់ ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាផ្សេងៗឱ្យបានទាន់ពេលវេលាស្របទៅតាមតម្រូវការចាំបាច់របស់គាត់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏បានណែនាំបន្ថែមទៀតថាសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តដូចជា ៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៤- បញ្ហាផ្សេងៗផងដែរ៕


Post a Comment