ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាមួយចំនួន ពីសព្វបុរសជនក្រៅស្រុកក្នុងស្រុកជាហូរហែសម្រាប់មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្ត
(ពោធិ៍សាត់)៖ ក្រោមការផ្តួចផ្តើម របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជនក្នុងស្រុក រួមទាំងសប្បុរសជនខ្មែរ រស់នៅសហរដ្ឋអាមេរិកទាំងអស់ បានបរិច្ចាគថវិកា ដែលកើតចេញពីកម្លាំងញើសឈាមជាបន្តបន្ទាប់ ក្នុងការចូលរួមជាកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
ជាក់ស្តែងនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលបន្ទប់រងចាំ, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាមួយចំនួន ពីលោក សាន់ សុខផា, លោក អឿ ហាងគា និងអ្នកស្រី សេង មិជ្ជកេស្សី, លោកវេជ្ជបណ្ឌិត ពៅ ម៉ានុត និងអ្នកស្រី អាំង សុភាព, ឧបាសិកា ខូយ ម៉េង និងឧបាសិកា ចៅម៉ី ព្រមទាំងកូនចៅ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ដែលមានដើមកំណើតចេញពីខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ២០%ហើយ។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងស្រុក រួមទាំងសប្បុរសជនខ្មែរ រស់នៅសហរដ្ឋអាមេរិកទាំងអស់ ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ទោះតិចក្តី ច្រើនក្តី ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។
ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជនដ៏ទៃទៀត នឹងបន្តចូលរួម ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។
ឯកឧត្តម សូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក សាន់ សុខផា, លោក អឿ ហាងគា និងអ្នកស្រី សេង មិជ្ជកេស្សី, លោកវេជ្ជបណ្ឌិត ពៅ ម៉ានុត និងអ្នកស្រី អាំង សុភាព, ឧបាសិកា ខូយ ម៉េង និងឧបាសិកា ចៅម៉ី ព្រមទាំងកូនចៅ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរជម្រាបជូនថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ (គ្រោងតម្លើងដល់៨ជាន់) ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ អគារនេះ ជាគំនិតផ្តួចផ្តើមរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្នអគារនេះ បាននឹងកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ១៩% ហើយក៏សង្ឃឹមថា សប្បុរសជននឹងបន្តឧបត្ថម្ភគាំទ្រ ដោយកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខភាពកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ។
លេខទូរសព្ទទំនាក់ទំនង៖ ០១២ ៥២០ ០២៥ / ០១២ ៨១៩ ៦៩៨/ ០១២ ៩៧៩ ៦៤០ អាចចូលរួមតាមរយៈគណនី មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៖ *លេខគណនី 0400-00266360-50 *លេខគណនី 0400-00266360-51
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានទទួលអំណោយជាទឹកបរិសុទ្ធ ចំនួន៣០០កេស របស់មូលនិធិសង្គ្រោះកុមារ នៅប្រទេសអូស្ត្រាលី តាមរយៈព្រះចៅអធិការ វត្តមណីរតនារាម សម្រាប់ផ្តល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ទុកជួយដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹកផងដែរ៕

























Post a Comment