ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ និងចែកលិខិតសរសើរ រង្វាន់ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

ព្រៃវែង÷ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ និងចែកលិខិតសរសើរ រង្វាន់ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ ដែលប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។


ក្នុងឱកាសនេះ ខ្ញុំបាទ បានអាននូវសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដែលសម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យអប់រំ និងគ្រប់វិស័យទាំងអស់នៅកម្ពុជា។ ខ្ញុំបាទ ក្នុងនាមក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយឯកឧត្តមភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ដែលបានឧបត្ថម្ភរង្វាន់ម៉ូតូចំនួន ១៥៤គ្រឿងជូនដល់យុវសិស្សជ័យលាភីទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់នៅខេត្តព្រៃវែង នាសម័យប្រឡង ២៨ សីហា ២០២៥ កន្លងទៅនេះ ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំ ប្រឹងប្រែងរៀនសូត្ររហូតទទួលបាននិទ្ទេសល្អក្នុងការសិក្សា។ ហើយហើយខ្ញុំបាទ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកា ជូនដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីនិទ្ទេស A នៅតាមក្រុង ស្រុកគោលដៅរបស់ខ្លួន។


ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគតរបស់ប្រទេសជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងជានិច្ចនិរន្តន៍។


ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត នាយក នាយិកា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១.៦៧៣រូប៕















































Powered by Blogger.