ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្អាតអនាម័យបរិស្ថាន នៅស្រុកពាមរក៍ ខេត្តព្រៃវែង

 ព្រៃវែង÷ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្អាតអនាម័យបរិស្ថាន នៅស្រុកពាមរក៍ ខេត្តព្រៃវែង។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែងមានសោភណភាពស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ ស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន"។ 


យុទ្ធនាការសម្អាតអនាម័យបរិស្ថាន នេះធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកពាមរក៍ និងស្រុកដទៃទៀតក្នុងខេត្តព្រៃវែង បានយល់ដឹងអំពីបញ្ហាអនាម័យបរិស្ថាន និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង ក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានសោភ័ណភាពអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗគ្នា។


យុទ្ធនាការនេះមានការចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាសាលាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ នាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ យុវជនកាកបាទក្រហមកម្ពុជាស្រុក និងសិស្សានុសិស្សសរុបចំនួន ៥០៨នាក់៕




















































Powered by Blogger.