ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចុះពិនិត្យតាមដានស្ថានភាពផ្លូវដែលកំពុងរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់

 ខេត្តព្រៃវែង៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក និងឃុំ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យតាមដានស្ថានភាពផ្លូវដែលកំពុងរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ចាប់ពីចំណុចភូមិតាំងស្នា ឃុំរការ ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។


សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ (មុខផ្សារក្រុងព្រៃវែង) មានកម្ពស់៦,៦៤ម  កម្ពស់ទឹកប្រកាសអាសន្ន ៧,៥០ម។ក្នុងស្ថានភាពកម្ពស់ទឹកខាងលើនេះ ខេត្តព្រៃវែងបានរងផលប៉ះ​ពាល់​ដោយ​ទឹកជំនន់​ចំនួន ៧ស្រុក ស្មើនឹង៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ​ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ៩ឃុំ ។


ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈម នឹង គ្រោះទឹកជំនន់  បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានភាពនេះ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យត្រៀម បង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ជាមួយនេះ  អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈ សម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ។


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង










Powered by Blogger.