ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ជំរុញឲ្យអាជ្ញាធរ មន្ទីរអង្គភាព ទាំងអស់ត្រូវខិតខំពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋ
ព្រៃវែង៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់មានការងារធ្វើ ដើម្បីឲ្យគាត់មានការងារធ្វើឲ្យបានគ្រប់ៗគ្នា។ និងណែនាំដល់ មន្ទីរអង្គភាព គ្រប់វិស័យ ទាំងអស់ ត្រូវខិតខំពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋដែលគាត់មកទទួលសេវាផ្សេងៗឱ្យបានទាន់ពេលវេលាស្របទៅតាមតម្រូវការចាំបាច់របស់គាត់។
សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តនេះ មានរបៀបវារៈដូចជា ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
៣- ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេច ស្តីពីការបែងចែកក្រុមប្រឹក្សាខេត្ត ចុះប្រាស្រ័យទាក់ទងការងារនៅតាមបណ្ដាក្រុង ស្រុក និងសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាភាពគណៈកម្មាធិការបស់ក្រុមប្រឹក្សាខេត្តរួមមាន:
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៤-ពិនិត្យ និងអនុម័ត លើការរៀបចំផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
៥-ពិនិត្យ និងអនុម័ត លើការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងផែនការថវិកាឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង
៦-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៧- បញ្ហាផ្សេងៗ ផងដែរ៕



























Post a Comment