ឯកឧត្តម ខូយ រីដា បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ
ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅឃុំមេទឹក ស្រុកបាកាន ដើម្បីត្រៀមរៀបចំស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថាស្ថានភាពទឹកបឹងទន្លេសាប ក៏នៅឡើង និងអាចជន់លិចរយៈពេលយូរទៀតផងដែរ។
ឯកឧត្តមបានបន្ថែមថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមរៀបចំធ្វើរបាយការណ៍ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឱ្យបងប្អូនកសិករយើង មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។
ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ៕























Post a Comment