ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់, លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរងស្រុក
(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធាង សេង ពីនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មកជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាស្រុក ដោយបានការចូលរួមពី តំណាងសាលាដំបូងខេត្ត, នាយករង និងនាយិការរង រដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងប្រកាសលេខ ១១៧៩១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក ធាង សេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងមន្ត្រីរាជការនោះរួចមក លោក ធាង សេង ដែលទើបតែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ បានប្តេជ្ញាចិត្តដូចតទៅ៖ ទី១-ប្តេជ្ញាអនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ទី២-ប្តេជ្ញាអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលយកការអភិវឌ្ឍធនធានមនុស្ស, ទី៣-គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា របស់រាជរដ្ឋាភិបាល, ទី៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ, ទី៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន, ទី៦-ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាព ដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្លែងថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ក្រសួងមហាផ្ទៃបានសម្រេចតែងតាំង លោក ធាង សេង ជាអភិបាលរងស្រុក ដើម្បីសម្រួលការផ្ដល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿនមានភាពជឿជាក់ និងមានតម្លាភាព។ លោកសង្ឃឹមថា លោកអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មីនាពេលនេះ នឹងខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹងសមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់យើង ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោកបានលើកឡើងថា ជាមោទកភាពណាស់ ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានលើកសរសើរពីខេត្ត និងសូមឱ្យបណ្តារាជធានីខេត្ត យកគម្រូតាមខេត្តពោធិ៍សាត់ ដែលគ្មានសំរាម។ នេះដោយសារតែឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គឺឯកឧត្តមមានមហិច្ឆតាខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការប្រែមុខប្រែមាត់ ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម។ ជាក់ស្តែងថ្មីៗនេះ ឯកឧត្តមអភិបាលខេត្ត បាននឹងកំពុងរៀបចំភ្លើងបំភ្លឺផ្លូវ Solar LED តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង តាមផែនការត្រូវរៀបចំឱ្យបានរួចរាល់ ក្នុងអំឡុងចុងឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨ខាងមុខ។
ឆ្លៀតក្នុងឱកាសនោះ លោកសូមស្នើដល់លោកអភិបាលរងស្រុកថ្មី ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារ ឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឱ្យបានស្អិតរមួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ដើម្បីឱ្យស្រុកក្រគរ មានការរីកចម្រើនលូតលាស់ បានយ៉ាងល្អប្រសើរថែមទៀត៕













































Post a Comment