ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ជួបសំណេះសំណាលលើកទឹកចិត្តក្រុមយុវជនហាត់រាំរបាំខ្មែរត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ធំៗ

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើងចាស់ក្នុងខេត្តពោធិ៍សាត់ និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួមនិងក្រុមភ្លេងបុរាណខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជាពិសេសរបាំប្រចាំខេត្តពោធិ៍សាត់ ក្រោមការដឹកនាំសម្របសម្រួលរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ នៅបរិវេណសារៈមន្ទីរខេត្ត ដើម្បីត្រៀមសម្បែងក្នុងកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្ត ក៏ដូចជាក្រៅខេត្ត ។


លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគឺមានក្រុមសិល្បៈមហាជនចំនួន០៦ក្រុម មកពីបណ្តាក្រុង-ស្រុកក្នុខេត្ត បានចូលរួមជួបជុំគ្នាហាត់សម នៅថ្ងៃអាទិត្យមួយថ្ងៃពេញ ជារៀងរាលសប្តាហ៍ ដោយទទួលបានយកចិត្តទុកដាក់ ឧបត្ថម្ភគ្រាំទ្រជាប្រចាំពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូដែលជាសិល្បករជើងចាស់ក្នុងខេត្ត បានខិតខំចែករំលែកផ្ទេរចំណេះដឹងផ្នែកសិល្បៈដល់យុវជនជំនាន់ក្រោយ ដើម្បីចូលរួមបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំសម្របសម្រួលរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្រុមយុវជនសិល្បៈមហាជន ទាំងប្រុសស្រី បានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមហាត់រាំរបាំខ្មែរ ដែលនេះជាសកម្មភាពគំរូសម្រាប់យុវជនទូទៅ ព្រោះវប្បធម៌ប្រពៃណីខ្មែរ គឺមានតំលៃបំផុតសម្រាប់សង្គមជាតិសាសន៍ខ្មែរយើង ប្រកបដោយភាពថ្លៃថ្នូរ ហើយយុវជនដែលចេះសិល្បៈប្រពៃណីខ្មែរទម្រងណាមួយ គឺជាយុវជនដែលប្រកដោយគុណតំលៃ ទទួលបានទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្តម្ភថវិកា៥លានរៀលបន្ថែមទៀត សម្រាប់ទ្រទ្រងដល់ការបណ្តុះបណ្តាលនេះ ហើយឯកឧត្តម នឹងបន្តសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ក្នុងការលើកស្ទួយិវស័យ វប្បធម៌ប្រពៃណីជាតិខ្មែរក្នុងខេត្តឲ្យកាន់តែមានភាពរស់រវើក ៕





























































Powered by Blogger.