ឯកឧត្តម ខូយ រីដា បានទទួលអំណោយ ពីក្រុមហ៊ុន Som Sorm Group Co., Ltd. ដែលបាននាំយកថវិកាចំនួន១០០លានរៀល (មួយរយលានរៀលគត់) មកប្រគល់ជូនរដ្ឋបាលខេត្ត

(ខេត្តពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបន្ទប់រងចាំសាលាខេត្ត បានទទួលអំណោយ ពីក្រុមហ៊ុន Som Sorm Group Co., Ltd. ដែលបាននាំយកថវិកាចំនួន១០០លានរៀល (មួយរយលានរៀលគត់) មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក ដែលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះក្រុមហ៊ុន Som Sorm Group Co., Ltd. ដែលបានឧបត្ថម្ភថវិកាចំនួន១០០លានរៀល មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តមបន្តថា ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់លោកប្រធានក្រុមហ៊ុន និងសហការី បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ៕











Powered by Blogger.