ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យ កន្លែងក្រុមការងារ ធ្វើការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅបរិវេណក្នុងសាលាខេត្ត
(ខេត្តពោធិ៍សាត់)÷ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថាគម្រោងដាក់តម្លើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED ដំណាក់កាលទី១ ពីចំណុចនិមិត្តសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះ ខាងកើតផ្តិល តាមផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរ ត្រូវបានដំឡើងរួចរាល់ ហើយសម្រាប់ការតម្លើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED ដំណាក់កាលទី២ ពីក្រុងពោធិ៍សាត់ឆ្ពោះទៅកាន់ទីរួមស្រុកបាកាន និងដំណាក់កាលទី៣ ពីទីរួមស្រុកក្រគរទៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការដាក់ ដែលដឹកនាំដោយលោក ធាង ផេង នាយករងរដ្ឋបាលសាលាខេត្ត។
ឯកឧត្តម បានចាត់ទុកថា គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។
ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួម និងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ជាពិសេសសូមថ្លែងអរគុណដល់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភអំពូល Solar LEDទាំងស្រុង តាមការស្នើសុំរបស់រដ្ឋបាលខេត្តផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានប្តេជ្ញាចិត្តនឹងដាក់តម្លើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ៩០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង ឲ្យបានរួចរាល់ទាំងស្រុង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ខាងមុខនេះ។






























Post a Comment