ឯកឧត្តម ខូយ រីដា បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបិទបញ្ចប់ទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ ប្រមាណជា៦ឆ្នាំ និង៧ខែ ក្រៅប្រព័ន្ធតុលាការ រវាងភាគី(ក) ខៀ សាវឿន និងភាគី(ខ) កោះ ហាង ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង
ពោធិ៍សាត់÷ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបិទបញ្ចប់ទំនាស់ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃ ប្រមាណជា៦ឆ្នាំ និង៧ខែ ក្រៅប្រព័ន្ធតុលាការ រវាងភាគី(ក) ខៀ សាវឿន និងភាគី(ខ) កោះ ហាង ទៅតាមរយៈសំណូមពរពីភាគីបណ្តឹងសង្ខាង។
កិច្ចដោះស្រាយទំនាស់ធ្លីខាងលើនេះ ត្រូវបានធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា គឺនៅសាលាឃុំលាច និងសាលាស្រុកភ្នំក្រវាញ ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ, មន្ត្រីមូលដ្ឋាន និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ឯកឧត្តម ខូយ រីដា បានថ្លែងឱ្យដឹងថា ក្រោយពីទទួលបានសំណូមពរ ពីភាគីទំនាស់ទាំងសង្ខាង និងដោយអារម្មណ៍អាណិតស្រលាញ់ លោកបានចុះមកដោយផ្ទាល់ ដើម្បីពិនិត្យលើទីតាំងទំនាស់ ដែលកើតមានឡើងដ៏រ៉ាំរ៉ៃ ជិត៧ឆ្នាំ និងឈានដល់ការអញ្ជើញភាគីទាំងអស់ ដើម្បីមកសម្របសម្រួលនាឱកាសនេះ។ ឯកឧត្តមបន្តថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ តម្រូវឱ្យភាគីទាំងអស់ បើកចិត្តឱ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានឱ្យគ្នា ទៅវិញទៅមក។
ឯកឧត្តមជម្រាបជូនថា «ជម្លោះ» វាគ្មានអ្វីចំណេញនោះទេ បើនៅតែបន្តឈ្លោះ និងបន្តប្តឹងតទល់គ្នា គឺវាអស់ទាំងធនធានថវិកា អស់ទាំងពេលវេលា និងបន្សល់តែស្លាកស្នាមតកូនតចៅ ពោលគឺត្រូវប្តឹងតជំនាន់ ឬឈ្លោះគ្នាតជំនាន់។ តែបើយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នា តាមរយៈការថយមួយជំហ៊ានទាំងសង្ខាង នោះលោកនឹងបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដើម្បីឱ្យកូនៗមានអនាគតល្អ និងបានរាប់រកគ្នា តទៅមុខទៀត។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បានដែរ គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងអ្នកភូមិផងរបងជាមួយ គឺមានជារៀងរហូត»។ ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តពោធិ៍សាត់ បានជាង០៣ឆ្នាំមកនេះ ឯកឧត្តមបានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ បានច្រើនករណីមកហើយ តែមិនដូចជាករណីរឿងនេះ គឺកើតមានការក្តីក្តាំគ្នា គិតមកដល់ថ្ងៃនេះ មានរយៈពេល៦ឆ្នាំ និង៧ខែ នៅមិនចប់ រហូតឡើងដល់ផ្លូវតុលាការ នៅតែមិនចប់។
សម្រាប់យន្តការដោះស្រាយ «ក្រៅប្រព័ន្ធតុលារការ» ដ៏មានប្រសិទ្ធភាព និងជឿជាក់ របស់ឯកឧត្តម ខូយ រីដា បានធ្វើឱ្យភាគីទំនាស់ទាំងសង្ខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយមិនមានការទាមទារសំណងជំងឺចិត្តអ្វីទាំងអស់ ដើម្បីបញ្ចប់ទំនាស់ចាប់ពីពេលនេះតទៅ។
ភាគីទំនាស់ និងសាក្សីនៅទីនោះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានចំណាត់ការដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕



























Post a Comment