គ្រួសាររងគ្រោះដោយសារគ្រោះទឹកជំនន់ ចំនួន ១០០គ្រួសារ នៅឃុំចំនួន ៣គឺ នៃស្រុកស៊ីធរកណ្តាល ទទូលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិកាសាខាខេត្ត បានអញ្ជើញជាសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ១០០គ្រួសារ មកពីឃុំជ្រៃឃ្មុំ ព្នៅទី១ និងឃុំព្នៅទី២ នៅបរិវេណសាលាឃុំព្នៅទី២ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ លើកឡើងថា ក្នុងស្មារតីនៃកិច្ចការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកូនចៅតូចៗកុំឲ្យលង់ទឹក។ ជាមួយគ្នានេះ ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នេះ។
ឯកឧត្ដមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍បន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅតែបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងខេត្ត។
អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារុង) មី ១កេស ត្រីខ ១យួរ និងថវិកាចំនួន ៥០,០០០រៀលផងដែរ៕















Post a Comment