សិក្ខាសាលា សមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលថ្នាក់ស្រុកឆ្នាំ ២០២៦ នៅសាលាស្រុកកញ្ជ្រៀច

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋបាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មនៃកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលថ្នាក់ស្រុក សម្រាប់ឆ្នាំ ២០២៦ ដែលដឹកនាំដោយ លោក  គង់ សំអាត អភិបាលរងស្រុកកញ្រ្ជៀច ដើម្បីចូលរួមពិនិត្យនិងស្ដាប់អំពីផែនការសកម្មភាពទាំងអស់នេះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយចីរភាព។


លោក អភិបាលរងស្រុក បានលើកលើងថា ការអញ្ជើញចូលរួមរបស់លោក លោកស្រី គឺជាការចូលរួមពិនិត្យទៅលើគម្រោងអាទិភាពរបស់ឃុំ ដែលបានស្នើឡើង និងជួយគាំទ្រដើម្បីអភិវឌ្ឍន៍មូលដ្ឋានឃុំស្រុក ឲ្យកាន់តែប្រសើរឡើងស្របតាមចក្ចុវិស័យរបស់រាជរដ្ឋាភិបាល។

លោក អភិបាលរង បន្ថែមថា សូមឲ្យអង្គសិក្ខាសាលាទាំងមូលចូលរួមគាំទ្រ និងចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នទៅលើគម្រោងឃុំដែលបានស្នើឡើងក្តីមិនបានស្នើឡើងក្តីឲ្យបានជាក់លាក់ ត្រឹមត្រូវ។

លោក អភិបាលរង បានបន្ថែមទៀតថា គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បី: -ពង្រឹងកិច្ចសហការ ស្វែងរកដៃគូពាក់ព័ន្ធក្នុងការជួយគាំទ្រ ដល់សំណើរគម្រោងអាទិភាពឃុំដើម្បីអភិវឌ្ឍក្នុងមូលដ្ឋាន។
- បង្កើនការសហការរវាងស្ថាប័ននិងភាគីពាក់ព័ន្ធនៅកម្រិតឃុំដើម្បីធានាដល់ការងារគ្រប់វិស័យដូចជាការការពារកុមារ អភិវឌ្ឍន៍សហគមន៍ សុខាភិបាលអប់រំ និងសន្តិសុខសង្គម ។
- បង្កើនការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការអភិវឌ្ឍន៍ជាមួយផែនការអភិវឌ្ឍជាតិនិងវិស័យផ្សេងៗ។
- ជំរុញឲ្យមានការសហការយ៉ាងជិតស្និតរវាងអង្គភាពរដ្ឋបាលឃុំ ក្រុមប្រឹក្សា និងសមាគមក្នុងការរៀបចំអនុវត្តនិងតាមដានផែនការអភិវឌ្ឍន៍។
- បង្កើតបណ្ដាញសហការជាបន្តបន្ទាប់ដើម្បីធានាបានថាការអភិវឌ្ឍឃុំមានភាពសមស្រប សមភាព តម្លាភាព គណនេយ្យភា និងឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ក្នុងនោះដែរ លោកមេឃុំទាំង៨ នៃស្រុកកញ្ជ្រៀចបានលើកឡើងអំពីគម្រោងអាទិភាពរបស់ឃុំ ដែលស្នើអោយមានការគាំទ្រពីអង្គភាព អង្គការដៃគូរនានាដើម្បីជួយអភិវឌ្ឍន៍ភូមិ ឃុំរបស់ខ្លួនផងដែរ៕












Powered by Blogger.