ប្រកាសចូលកាន់មុខតំណែង លោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
ពោធិ៍សាត់÷ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទី ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៦៨ អនក្រ.តក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានតែងតាំងលោក តឹក សុភាព អត្តលេខ ១៧៣១៥០០២០៥ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍។
ដោយឡែក ឯកឧត្តម ខូយ ឌី ក៏ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងបន្ត ជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល៕


























































































Post a Comment