វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេល ២ ថ្ងៃ នៅខេត្តព្រៃវែង សិក្ខាកាមទទូលបានចំណេះដឹងប្រកបដោប្រសិទ្ធភាពខ្ពស់
ព្រៃវែង៖ ក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែង រយៈពេល ២ ថ្ងៃ ថ្ងៃទី០៧ -០៨ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវគ្គបំពាក់បំប៉នមួយដ៏សំខាន់ ស្តីពី «ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ» ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអ្នកសារព័ត៌មានមកពីខេត្តចំនួន ៤ មានមន្ទីរព័ត៌មាន រាជធានី , មន្ទីរព័ត៌មាន ខេត្តស្វាយរៀង , មន្ទីរព័ត៌មាន ខេត្តកណ្តាល, និងមន្ទីរព័ត៌មានខេត្តព្រៃវែង សរុបប្រមាណជាង ៦០ នាក់។
ក្នុងឱកាសនៃការបិទវគ្គបំពាក់បំប៉ននោះ មានការអញ្ជើញចូលរួមជា អធិបតីភាព ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
វគ្គបំពាក់បំប៉នរយៈពេល២ ថ្ងៃនេះ សិក្ខាកាមក៏បានបញ្ចេញមតិយោបល់យ៉ាងផុសផុលចូលរួមក្នុងវគ្គបណ្តុះបណ្ដាលនេះដោយលើកឡើងអំពីបញ្ហាប្រឈមផលលំបាកដែលខ្លួនជូបប្រទះពេលអនុវត្តការងារកន្លងមក និងបានលើកឡើងអំពីផលប្រយោជន៍ដ៏សំខាន់ដែលជួយធ្វើឲ្យសិក្ខាកាមទទួលបាននូវចំណេះដឹងថ្មីៗសំខាន់បន្ថែមទៀតដើម្បីបង្រឹងនិងអនុវត្តការងាររបស់ខ្លួនទទួលបានប្រសិទ្ធភាព ប្រសិទ្ធផល អនុវត្តការងាររបស់ខ្លួនបានល្អមួយកម្រិតបន្ថែមទៀត។
ប្រសាសន៍បិទក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «ក្នុងនាមឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ក៏សូមអរគុណដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ឯកឧត្ដម ជឿជាក់ថាវគ្គបំប៉ននេះនឹងពិតជាមានសារៈប្រយោជន៍ក្នុងការបង្កើនគុណភាពការងាររបស់ក្រុមការងារព័ត៌មាន និងសាធរណៈមតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណមតិសម័យថ្មី ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស»។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានមានប្រសាសន៍សង្កត់ធ្ងន់ពីតួនាទីស្នូលរបស់មន្ត្រីព័ត៌មានក្នុងយុគសម័យឌីជីថល។ ឯកឧត្តមបានថ្លែងថា៖ «ព័ត៌មានគឺជាស្ពានដ៏សំខាន់ដែលភ្ជាប់រាជរដ្ឋាភិបាលទៅនឹងប្រជាពលរដ្ឋ។ ដូច្នេះ មន្ត្រីព័ត៌មានទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ផ្តល់ព័ត៌មានពិត និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ»។
ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះមានសារសំខាន់ណាស់សម្រាប់ក្រុមការងារព័ត៌មាន និងសាធរណៈមតិ ធ្វើជាស្ពានចំឡងព្រឹត្តិការណ៍ដែលកើតមានឡើង ពីថ្នាក់ដឹកនាំ មកដល់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ ធ្វើយ៉ាងដើម្បីចូលរួមអភិវត្តប្រទេសឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង។
ឯកឧត្តម បន្ថែមថា វគ្គបំពាក់បំប៉ននេះ បានធ្វើឲ្យក្រុមការងារព័ត៌មាន និងសាធរណៈមតិ និងអ្នកសាព័ត៌មានបានចេះបច្ចេកទេសថ្មីៗ តាមបែបព័ត៌មានឌីជីថល ដែលធ្វើឲ្យវិស័យព័ត៌មានកាន់តែមានប្រសិទ្ធភាព និងផ្សព្វផ្សាយដល់មហាជនបានឃើញទាន់ពេលវេលា។
គួររំលឹកផងដែរថា គោលបំណង នៃវគ្គនេះមានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពលើវិស័យព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ ដល់មន្ត្រីជំនាញជាង ៦០ នាក់ ដែលមកពី ខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។ ការចូលរួមយ៉ាងផុសផុលពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូបផងដែរ បានបង្ហាញពីសារៈសំខាន់នៃកិច្ចការងារនេះសម្រាប់វិស័យព័ត៌មានទាំងមូល៕

















Post a Comment