ប្រជាកសិករនៅភូមិតាំងស្នាយស្រុកពារាំង សប្បាយចិត្តធ្វើស្រែឡើងវិញបន្ទាប់ពីទឹកស្រក

 ខេត្តព្រៃវែង:កសិករជាច្រើនគ្រួសាររស់នៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង សប្បាយចិត្តនិងប្រកបរបរកសិកម្មឡើងវិញបន្ទាប់ពីទឹកស្រក ដោយអ្នកខ្លះធ្វើស្រែ ហើយអ្នកខ្លះទៀតដាំឈូក។

លោកពូម្នាក់ក្នុងចំណោមកសិករជាច្រើននាក់ដែលរស់នៅភូមិ ឃុំ ខាងលើតែសុំមិនបញ្ចេញឈ្មោះ គាត់បានលើកឡើងថាជារៀងរាល់ឆ្នាំបន្ទាប់ពីទឹកស្រកវិញគឺធ្វើស្រែបានផលល្អហើយមិនសូវចំណាយលុយទិញជី ព្រោះថាពេលទឹកឡើងហាក់ដូចជានាំជីមកដាក់ស្រែអញ្ចឹង តែទោះយ៉ាងណាក៏គាត់មានការសោកស្តាយខ្លាំងដែលឆ្នាំនេះទឹកឡើងខ្លាំងធ្វើអោយដាច់ផ្លូវក្រាលកៅស៊ូដែលទើបនឹងធ្វើរួច។ លោកពូបានបន្តទៀតថារាល់ថ្ងៃនេះគាត់មានដីស្រែ៩ហិចតា គាត់ធ្វើស្រែផង ដាំឈូកផង ដោយក្នុង១ឆ្នាំគាត់ធ្វើស្រែ៦ខែ ហើយ៦ខែទៀតគាត់ដាំឈូក បើចំពោះការប្រមូលផលវិញមិនសូវខុសគ្នាប៉ុន្មានទេ។

គាត់បានបន្តទៀតថាចំពោះការដាំឈូកវិញយើងត្រូវចំណាយដើមទន់ច្រើនជាងធ្វើស្រែ តែមានតំឡៃថ្លៃជាងស្រូវ រីឯការធ្វើស្រែវិញចំណាយដើមទន់តិចជាងឈូកក៏ពិតមែន រីឯតំលៃថោកហើយជីវិញមានតំលៃថ្លៃ តែមិនដឹងធ្វើមិចបើមុខរបរមានតែប៉ុនហ្នឹងទៅហើយ។

ទន្ទឹមនឹងការសប្បាយចិត្តក្នុងការធ្វើស្រែរបស់ពួកគាត់ លោកពូក៏បានលើកឡើងបន្ថែមទៀតថារាល់ថ្ងៃនេះប្រសិនបើមានរោងចក្រផលិតជីក្នុងស្រុកច្រើន ប្រហែលជាមានតំលៃថោកជាងជីដែលនាំចូលពីប្រទេសជិតខាង ដូច្នេះពួកគាត់សង្ឃឹមថាថ្ងៃក្រោយនឹងមានរោងចក្រផលិតជីក្នុងស្រុកច្រើនកន្លែងជាក់ជាមិនខាន។

ដោយឡែកចំពោះតំបន់ដែលមិនមានផលប៉ះពាល់ដោយទឹកជំនន់ និងតំបន់ខ្លះមានទឹកចូលដែរតែចូលបន្តិចបន្តួច ធ្វើអោយដំណាំស្រូវទទួលបានផលល្អជាងឆ្នាំមុនៗ ដោយកន្លែងខ្លះក៏កំពុងតែមានការលូតលាស់ល្អ និងកន្លែងខ្លះទៀតក៏ត្រៀមច្រូតកាត់ប្រមូលផលផងដែរ។

ជាចុងក្រោយពួកគាត់ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ក្រសួងសាធារណការនឹងដឹកជញ្ជូនដែលបានចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែងអំឡុងពេលទឹកលិចធ្វើអោយដាច់ផ្លូវ ជាពិសេសក៏សូមថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំផងដែរដែលមានសម្តេច តេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង៕ដោយ: សូ សុខា












Powered by Blogger.