រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត

 ព្រៃវែង៖ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។


ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេខេត្តព្រៃវែង មានប្រសាសន៍ថា ក្រោមការចង្អុលណែនាំផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងក្រោមការ ជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតីដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានរីក ចម្រើនជាបន្តបន្ទាប់ រួមទាំងការងាររសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និង ការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសសំដៅលើកកម្ពស់ជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលគ្រប់ថ្នាក់។

ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងបានសហការជាមួយរដ្ឋបាល ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ រៀបចំវេទិកាសាធារណៈ ក្នុងឆមាសទី១ ឆ្នាំ២០២៥ បានចំនួន២០៩លើក ទទួលបាន បញ្ហាប្រឈម ជាសំណើសំណូមពរ និងកង្វល់នានាតាមមូលដ្ឋានចំនួន ៨២ករណី ក្នុងចំណោម១៥វិស័យ ក្នុងនោះ ក្រុមការងារបានដោះស្រាយឆ្លើយតបចំនួន៨០,៤៨% កំពុងមានវិធានការដោះស្រាយនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ចំនួន៣,៦៥% មិនទាន់បានដោះស្រាយចំនួន១៤,៦៣% និងស្នើទៅថ្នាក់ជាតិដើម្បីមានវិធានការឆ្លើយតប ចំនួន១,២១%។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរៀងៗខ្លួននៅក្នុងខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាធានាដល់ការរស់នៅសុខទុក្ខរបស់ប្រជាពលរដ្ឋដែលគាត់កំពុងតែជួបបញ្ហាខ្វះខាតនិងបំពេញតម្រូវការដល់គាត់បានគ្រប់ពេលវេលា។

ឯកឧត្តម អភិសន្តិបណ្ឌិត ក៍មានប្រសាសន៍បន្ថែមទៀតថា សូមឲ្យក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានដែលខ្លួនចុះពង្រឹងរៀងៗខ្លួននៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះឲ្យរីកចម្រើន ទ្វេដងបន្ថែមទៀត ដើម្បីធានាដល់ការរស់នៅជីវភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះកាន់តែមានភាពល្អប្រសើរ សុខសុវត្ថិភាព រីកចម្រើនជាលំដាប់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានប្រគល់ម៉ូតូចំនួន ២២គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន៕




Powered by Blogger.