លោក ឈួន ខេមរិទ្ធិ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែងជំនួសលោក ទួន សុគន្ធ ដែលបានចូលនិវត្តន៍
ព្រៃវែង៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរថ្មី ជំនួសលោក ទួន សុគន្ធ ដែលជាអតីតប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវបានចូលនិវត្តន៍ ដែលមានការអញ្ជើញចូលរួមជាអធិបតី លោកជំទាវ ស៊ុន ណាលី អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលធ្វើនៅសាលាខេត្តព្រៃវែង។
បើយោងតាមអនុក្រិតត្រូវបានប្រកាសតែងតាំង លោក ឈួន ខេមរិទ្ធិ ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញាវត្ថុខេត្តព្រៃវែង ជំនួសលោក ទួន សុគន្ធ ដែលត្រូវបានចូលនិវត្តន៍។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត សម្តែងនូវការកោតសរសើរចំពោះ លោក ទួន សុគន្ធ អតីតប្រធានមន្ទីរ ហិរញ្ញវត្ថុខេត្ត បានទទួលលទ្ធផលល្អប្រសើរ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ស្របតាមច្បាប់ និងវិធានការនានា សំដៅឱ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាន នូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការនានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយភាពឆ្លើយតប ។
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង នាពេលនេះ គឺជាការ បំពេញនូវរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវ លើការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជា ភារកិច្ចដឹកនាំបន្ត ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការជូនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រដ្ឋបាលខេត្ត។
ឯកឧត្ដម អភិបាលខេត្ត សូមធ្វើការផ្តាំផ្ញើរ ដល់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង ដែលទើបចូលកាន់មុខ តំណែងថ្មីនេះ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ, ត្រូវមានចក្ខុវិស័យ ទិសដៅ សដៅ ផែនការសកម្មភាពច្បាស់លាស់ លើវិស័យរបស់ខ្លួនដឹកនាំ និងរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមានឲ្យបានទាន់ពេលវេលា និងត្រូវ បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិនានាក្នុងខេត្ត ឲ្យទទួលបាន ជោគជ័យ។
លោកជំទាវ ស៊ុន ណាលី អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង នាពេលនេះ គឺជាការបំពេញនូវរចនា សម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងការងារជាសេនាធិការរបស់ក្រសួង និងរដ្ឋបាលខេត្ត។
លោកជំទាវ សូមធ្វើការផ្តាំផ្ញើរ ដល់លោកប្រធានមន្ទីរដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ, ត្រូវមានចក្ខុវិស័យ ទិសដៅ ផែនការសកម្មភាពច្បាស់លាស់លើវិស័យរបស់ខ្លួនធ្វើយ៉ាងណាដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់នោះផងដែរ៕



























Post a Comment