ប្រជាពលរដ្ឋ និងប្រជាពលរក នៅស្រុកមេសាង ខេត្តព្រៃវែង ជិត ២ ពាន់នាក់ បានអញ្ជើញមកចុះឈ្មោះស្វែងរកការងារធ្វើនៅក្នុងឱកាស វេទិកាការងារ
ព្រៃវែង៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បន្តចុះសួសុខទុក្ខ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ និងប្រជាពលរក ជិត ២ ពាន់នាក់ សម្រាប់ការងារជិត ២ ម៉ឺនកន្លែងក្នុង "វេទិកាការងារ" ដែលប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកមេសាង ខេត្តព្រៃវែង។
លោក លាត ភិរុណ អភិបាលរងខេត្ត បានលើកឡើងឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ និងស្វែងរកការងារជូនប្រជាពលរដ្ឋ និងពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ ប្រជាពលករ ដែលមកពីប្រទេសថៃទាំងអស់ទទួលបានការងារធ្វើគ្រប់គ្នាដើម្បីធានា ដល់ការរស់នៅ ជីវភាពរបស់គាត់ឲ្យមានជីវភាពធូរធារមួយកម្រិត។
លោក អភិបាលរង ក៏បានបន្ថែមទៀតថា ឱកាសនៃការស្វែងរកការងារនៅក្នុងប្រទេសដែលរៀបចំដោយរដ្ឋបាលខេត្ត និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាការយកចិត្តទុកដាក់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះ សុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់បក្សពួក នយោបាយអ្វីនោះឡើយ។
លោក អភិបាលរងខេត្ត បន្ថែមថា បើបង្អូនប្រជាពលរដ្ឋមិនបានចូលមកចុះឈ្មោះស្វែងរកការងារនោះទេ បង្អូនប្រជាពលរដ្ឋ អាចទាក់ទងទៅលេខ ១២៩៧ ដើម្បីទំនាក់ទំនង និងទទួលបានការងារ ដែលខ្លួនចង់ធ្វើ។
សូមបញ្ជាក់ថា ការរៀបចំវេទិកា ការងារនេះរដ្ឋបាលខេត្ត រៀបចំធ្វើឡើងទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋ ប្រជាពលករ ទូទាំងខេត្តព្រៃវែង អាចរកការងារធ្វើបានគ្រប់ៗគ្នា នោះផងដែរ៕















Post a Comment