សម្តេច ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈ និងបួងសួងបារមីលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស និងកងទ័ពឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នាព្រឹកថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ គោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសារ តែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានសុខុដុមនីយកម្មសាសនា ដែលបានអនុញ្ញាតិឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមប្រារព្ធពិធីបុណ្យផ្សេងៗតាមជំនឿរៀងៗខ្លួន ពិសេសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅក្នុងឆ្នាំនេះបានយ៉ាងអធិកអធម។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរក្នុងការផ្តល់នូវមធ្យោបាយធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើត។ សម្តេចក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់គ្នាដែលធ្វើដំណើរត្រលប់មកពីស្រុកកំណើតវិញ សូមប្រកបតែនឹងសុខសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ ត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ និងកុំសេពគ្រឿងស្រវឹងពេលបើកបរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារជៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពីគ្រោះរាំងស្ងួត សម្តេចក៏បានបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវ៕






















Post a Comment