ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥

 ព្រៃវែង៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួង អបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ដែលមានរយៈពេល ពីថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់លាវ ក្រុងព្រៃវែង។


នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទូលបានជំនាញដែលខ្លួនស្រឡាញ់។

ឯកឧត្ដម អភិបាលខេត្ត ក៏បាន ផ្តាំផ្ញើ និងណែនាំដល់ បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណាដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ ដើម្បី មានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។  ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឲ្យជាប់គ្រប់ៗគ្នា។

ជាមួយនេះ លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ នេះ ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តព្រៃវែង មានមណ្ឌល ប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៣៧៥ បន្ទប់ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រចំនួន ៤  មណ្ឌលស្មើរ ៨៧ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១៣ មណ្ឌលស្មើរ ២៨៨ បន្ទប់ ដែលមានបេក្ខជនប្រឡងសរុបចំនួន ៩.២០១ នាក់ ស្រី ៥.១៤៣ នាក់ ក្នុងនោះ ក្រុងព្រៃវែងចំនួន ០៩មណ្ឌល, ស្រុកស្វាយអន្ទរចំនួន ០៣មណ្ឌល, ស្រុកបាភ្នំចំនួន ០៣មណ្ឌល និង ស្រុកពាមរក៍ចំនួន ០២មណ្ឌល។

លោក ប្រធានមន្ទីរ បន្ថែមថា ដើម្បីប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការ គ្រោងទុកក្នុងភូមិសាស្ត្រខេត្តព្រៃវែង ឯកឧត្ដម អភិបាលខេត្ត បានរៀបចំគណៈកម្មការ ការពារសុវត្ថិភាពមណ្ឌលប្រឡងខេត្តព្រៃវែង ដែលមានភារកិច្ចក្នុងការដឹកនាំ សម្របសម្រួល និងការពារ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ នៃដំណើរការប្រឡងតាមមណ្ឌលនីមួយៗដោយសារតីទទួលខុសត្រូវខ្ពស់ ជៀសវាងឲ្យបានដាច់ខាតនូវបាតុភាពអសកម្ម ដែលបង្កឲ្យមានអនាធិបតេយ្យក្នុងពេលប្រឡង៕






















Powered by Blogger.