ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩ វត្ត ក្នុងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែង
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី អញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ចំនួន ៣៩វត្ត ក្នុងស្រុក ក្រុងទាំង១៣ នៃខេត្តព្រៃវែងដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងលោកជំទាវ ញ៉ែម សឿន ជាសុីម និងបុព្វការីជន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ដែលប្រារព្ធទៅនៅសាលាខេត្តព្រៃវែង។ ពិធីនេះដែលក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានក្រុមប្រឹក្សា អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។
ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំង ៣៩ វត្ត ដោយ ក្នុង១វត្តៗទទួលបាន ស្លាដក ០១, ទៀន ០១ គូ, អង្ករ ០១ បេ 50 គីឡូ, មី ០១ កេះធំ, ត្រីខ០១ កេះធំ, ទឹកដោះគោ ០១ កេសធំ, ស្ករស ០១ បេ ២៥ គីឡូ, ទឹកសុទ្ធ ២ កេស, ទឹកក្រូច ០២ កេស, ផ្លែឈើ ០១ កន្ត្រក, ប្រេងឆា ១០លីត្រ, ទឹកត្រី ០១ ឡូ, ទឹកស៊ីអ៊ីវ០១ ឡូ, ប៊ីចេង ០៥ គីឡូ, អំបិល ១៨ គីឡូ, និងបច្ច័យ ៥០ ម៉ឺនរៀល។
ចំពោះទេយ្យទានទាំងអស់នេះ គឺដើម្បីវេប្រគេនដល់ព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស ៣ ខែ ដែលជារដូវកាលភ្លៀងធ្លាក់ នៃរដូវកាលចូលព្រះវស្សា ដែលព្រះសង្ឃពិបាកក្នុងការនិមន្តគោចរបិណ្ឌបាទចង្ហាន់។
គួររំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការខេត្ត ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក នៅក្នុងខេត្តព្រៃវែង តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែ ទៅតាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើង៕





















Post a Comment