ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយជូនដល់កងកម្លាំងយោធាការពារព្រំដែននៅវរៈសេនាតូចអន្តរាគមន៍លេខ៣៩៣ នៅខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ មុំបី
ព្រៃវែង៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រៃវែង រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការ ស្នងការ លោក លោកស្រីប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃក្នុងខេត្តព្រៃវែង សរុបចំនួន ១៨១ អង្គ/រូប បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ៣៩៣ និងកងកម្លាំងកងវិស្វកម្ម នៅខេត្តព្រះវិហារ ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្ដម សួន សុម៉ាលីន បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងយោធាការពារព្រំដែននៅវរៈសេនាតូច អន្តរាគមន៍លេខ៣៩៣ និងកងវិស្វកម្មនៅខ្សែបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។
ឯកឧត្ដម អភិបាលខេត្ត បានបន្តទៀតថា ការសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ តែងតែនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួម ការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពីសមរភូមិក្រោយ។
ឯកឧត្ដម អភិបាលខេត្ត រួមនិងព្រះសង្ឃ បាននាំយកនូវអំណោយជាថវិកា ស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនរបស់រដ្ឋបាលខេត្ត ព្រះសង្ឃ និងសប្បុរសជននានាផ្ដល់ជូនកងកម្លាំង និងកងវិស្វកម្មរួមមាន៖ ថវិកាសរុបចំនួន៥២.៣៦០.០០០រៀល អង្ករ ១៣តោន មី ៦៨៩កេស ទឹកត្រី៣១៣យួរ ទឹកស៊ីអុីវ៣១៩យួរ ត្រីងៀត ៤០៥គីឡូ គោងៀត៥គីឡូ សាច់ក្រក ១០គីឡូសៀង៥យួរ ពងមាន់ ២.១០០គ្រាប់ ទឹកក្រូច ៤១កេសទឹកផ្លែឈើ ១០កេស អំបិល ១៧កញ្ចប់ ស្ករស ២៤កញ្ចប់ ប៊ីចេង ១៥កញ្ចប់មចានស្រាក់ ១១ស្រាក់ ត្រីខ ៣៦៤យួរ ប្រហុក ១០០គីឡូ តង់កូរ៉េ ១២០តង់អាវភ្លៀង៣០០អាវ ដបទឹក៣០០ដប ទឹកបរិសុទ្ធ ៤៩កេស និង៦០០យួរ អំពូលសូឡា ៣០អំពូល និងម៉ូតូចំនួន១គ្រឿង៕



Post a Comment