្រជាកសិកររស់នៅស្រុកពោធិ៍រៀងសប្បាយចិត្តពេលដែលដំណាំឈូកមានតំលៃថ្លៃជាងឆ្នាំមុន
ខេត្តព្រៃវែង:ប្រជាកសិកររស់នៅភូមិជ្រៃក្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សប្បាយចិត្តណាស់នៅពេលដែលដំណាំឈូកមានតំលៃថ្លៃជាងឆ្នាំមុនៗ ដោយឆ្នាំនេះគាត់លក់បាន១គីឡូ៦៥០០រៀល ថ្លៃជាងឆ្នាំមុនដែលឆ្នាំមុនមានតំលៃត្រឹមតែ៥០០០រៀលឬ៥៥០០រៀលប៉ុណ្ណោះក្នុង១គីឡូ ហើយក៏សង្ឃឹមថានិងមានតំលៃជាងនេះទៅទៀត។
បងស្រី យឹម ដានី បានលើកឡើងថាបើទោះបីការដាំឈូកត្រូវចំណាយដើមទុនច្រើននិងការថែទាំច្រើនជាងដំណាំស្រូវក៏ពិតមែនតែវាអាចផ្តល់ផលប្រយោជន៍អោយគាត់បានច្រើនជាងស្រូវ ហើយមិនពិបាកយកទៅលក់នៅទីផ្សារទេ ព្រោះពេលដែលឈូកទុំល្មមបេះគឺគាត់បានបេះយកទៅវាយប្រឡេះយកគ្រាប់ចេញ ពេលនោះគឺមានឈ្មួញមកទិញដល់ផ្ទះតែម្តង។
បងស្រីបានបន្តទៀតថារាល់ថ្ងៃនេះ រូបគាត់និងស្វាមីបានប្រកបមុខរបរធ្វើស្រែនិងដាំឈូកនេះរយ:ពេល៣ឆ្នាំហើយ ដែលដំណាំឈូកនេះអាចធ្វើអោយជីវភាពក្នុងគ្រួសាររបស់គាត់មានកម្រិតមធ្យមដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃនិងអោយកូនបានរៀនសូត្រ។
លើសពីនេះបងស្រីបានបន្តទៀតថាសព្វថ្ងៃនេះគាត់មានផ្ទៃដី៨០អា ដោយគាត់ធ្វើស្រែ៣០អា និង៥០អាទៀតដាំឈូក ព្រោះការដាំឈូកអាចធ្វើអោយគាត់ទទួលផលបាន៣ទៅ៤ដងក្នុងមួយឆ្នាំនិងមានតំលៃថ្លៃជាងស្រូវ ហើយបេះម្តងបាន២០០ទៅ៣០០គីឡូ តែទោះជាយ៉ាងណាក៏គាត់មិនចោលការធ្វើស្រែដែរ ព្រោះការធ្វើស្រែអាចទុកបរិភោគជារៀងរាល់ថ្ងៃជាជាងទិញអង្ករគេហូប រីឯការដាំឈូកគឺទុកដើម្បីផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗក្នុងគ្រួសារ។
ក្នុងនោះដែរបងស្រី យឹម ដានី ក៏បានធ្វើការចែករំលែកអំពីវិធីដាំនិងរបៀបការថែទាំនៃដំណាំឈូកនេះផងដែរ(សូមស្តាប់ការលើកឡើងរបស់គាត់ដូចតទៅ......)។
ជាចុងក្រោយបងស្រី យឹម ដានី និងស្វាមីក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស សូមជួយគាំទ្រដល់ដំណាំកសិកម្មរបស់ខ្មែរយើងដែលជាដំណាំក្នុងស្រុក ដើម្បីអោយដំណាំទាំងនេះមានតំលៃថ្លៃ ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករយើងទាំងអស់ដាំដំណាំក្នុងស្រុកអោយបានច្រើនជាងនេះ៕


Post a Comment